សិក្ខាសាលាថ្នាក់តំបន់សម្រាប់ប្រធានសាខាធនាគារ និងហិរញ្ញវត្ថុលើកទី៤ ដែលជាសិក្ខាសាលាចុងក្រោយសម្រាប់ឆ្នាំ២០២៤ បានបិទបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅខេត្តរតនគិរី ក្រោមអធិបតីភាព លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា ឯកឧត្តម ងិន ណែល អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី និងមានការចូលរួមពី លោក ឌិត សុចល សមាជិកក្រុមប្រឹក្សាសមាគមធនាគារនៅកម្ពុជា លោក សុខ វឿន អនុប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយនឹងថ្នាក់ដឹកនាំគ្រឹះស្ថាន និងប្រធានគ្រប់គ្រងសាខា និងថ្នាក់ដឹកនាំនៅតាមតំបន់ ឬសាខារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប្រមាណជាង ៥០នាក់។
មានមតិស្វាគមន៍ក្នុងអង្គសិក្ខាសាលា លោក ឌិត សុចល សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា បានជម្រាបជូនអង្គសិក្ខាសាលាអំពីគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនរបស់សមាគមទាំងពីរក្នុងការបន្តគាំទ្រដល់ការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ និងលើកកម្ពស់កិច្ចការពារអតិថិជន។ ទន្ទឹមនេះដែរ លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាលសមគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃថ្នាក់ដឹកនាំគ្រប់គ្រងសាខា ដែលជាតួអង្គជួរមុខដ៏សំខាន់ ដើម្បីឱ្យធុរៈកិច្ចហិរញ្ញវត្ថុទទួលបានជោគជ័យ។ លោកជំទាវក៏បានបញ្ជាក់បន្ថែមថា សមត្ថភាពគ្រប់គ្រង និងដឹកនាំរបស់ប្រធានសាខា គឺជាកត្តាចាំបាច់ក្នុងការជំរុញប្រសិទ្ធភាពប្រតិបត្តិការរបស់សាខា និងគ្រឹះស្ថានទាំងមូលផងដែរ។
ឯកឧត្តម ងិន ណែល អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី មានប្រសាសន៍ស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា និងសមាគមទាំងពីរ ដែលបានជ្រើសរើសខេត្តរតនគិរី ក្នុងការរៀបចំសិក្ខាសាលាថ្នាក់តំបន់សម្រាប់ប្រធានសាខាធនាគារ និងហិរញ្ញវត្ថុនេះ។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា សិក្ខាសាលាថ្នាក់តំបន់នេះ គឺជាវេទិកាពិភាក្សា និងប្រមូលនូវបញ្ហាប្រឈម និងធាតុចូលនានា ទាក់ទងទៅនឹងការបម្រើសេវារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងអ្នកទទួលសេវាហិរញ្ញវត្ថុនៅក្នុងខេត្តរតនគិរី ដើម្បីកែលម្អការផ្តល់សេវាហិរញ្ញវត្ថុកាន់តែប្រសើរឡើង មានការពេញចិត្ត និងគៀកដល់ប្រជាពលរដ្ឋ និងសាធារណជន។
ថ្លែងសន្ទរកថាបើកអង្គសិក្ខាសាលា លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃ
កម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុ
កម្ពុជាដែលតែងតែចូលរួម និងយកចិត្ដទុកដាក់លើការបណ្ដុះបណ្ដាល និងការពង្រឹងសមត្ថភាពធនធានមនុស្ស សម្រាប់រួមចំណែកដល់ការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា។ លោកអគ្គនាយករងបានបញ្ជាក់ថា ថ្នាក់ដឹកនាំសាខា ឬតំបន់មានការទទួលខុសត្រូវចំពោះគ្រឹះស្ថានខ្លួនឯង អតិថិជន សហគមន៍ វិស័យ និងភាគីពាក់ព័ន្ធដទៃទៀត ហើយការទទួលខុសត្រូវសំខាន់បំផុត គឺការលើកកម្ពស់ក្រមវិជ្ជាជីវៈឱ្យបានខ្ពស់បំផុត ដើម្បីធានាឱ្យមានតម្លាភាព និងគណនេយ្យភាពក្នុងប្រតិបត្តិការរបស់ខ្លួន៕








