កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ សមាគមធនាគារនៅកម្ពុជា (ABC) រួមជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានរៀបចំសិក្ខាសាលាថ្នាក់តំបន់សម្រាប់ប្រធានសាខាធនាគារ និងហិរញ្ញវត្ថុលើកទី២ ស្តីពី “អភិបាលកិច្ចរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការធានាប្រសិទ្ធភាពនៃប្រតិបត្តិការប្រកបដោយចីរភាព ការទទួលខុសត្រូវ និងបរិយាបន្ន ដែលបានរៀបចំឡើងនៅសណ្ឋាគារស្ទឹងសង្កែ ទីក្រុងបាត់ដំបង នៃខេត្តបាត់ដំបង។
សិក្ខាសាលាថ្នាក់តំបន់សម្រាប់ប្រធានសាខាធនាគារ និងហិរញ្ញវត្ថុលើកទី២ ទទួលបានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូ ធនាគារជាតិនៃកម្ពុជា លោក ឆេង ជីរ៉ាត់ នាយករងរដ្ឋបាលខេត្តបាត់ដំបង លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាល សមាគមធនាគារនៅកម្ពុជា និងលោក សុខ វឿន អនុប្រធានក្រុមប្រឹក្សា
ភិបាលសមគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយនឹងប្រធានគ្រប់គ្រងសាខា និងថ្នាក់ដឹកនាំនៅតាមតំបន់ ឬសាខារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាង ៨០នាក់។
មានមតិស្វាគមន៍ក្នុងអង្គសិក្ខាសាលា លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាល សមាគមធនាគារនៅកម្ពុជា បានលើកឡើងអំពីគោលបំណងសំខាន់ៗ នៃការរៀបចំសិក្ខាសាលាថ្នាក់តំបន់សម្រាប់ប្រធានសាខាធនាគារ និងហិរញ្ញវត្ថុនេះឡើង។ លោកក៏បានបង្ហាញអំពីការដាក់ឱ្យអនុវត្តនូវគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន របស់សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) ដើម្បីបន្តគាំទ្រការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ និងលើកកម្ពស់កិច្ចការពារអតិថិជន។
ទន្ទឹមនេះ ក្នុងសុន្ទរកថាស្វាគមន៍របស់ លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាលសមគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានគូសបញ្ជាក់បន្ថែមក្នុងសុន្ទរកថារបស់លោក អំពីតួនាទីដ៏សំខាន់របស់ប្រធានគ្រប់គ្រងសាខា ក្នុងការធានា នូវប្រសិទ្ធភាពនៃការអនុវត្តក្រមប្រតិបត្តិ របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ពិសេស សំដៅលើកកម្ពស់ការការពារអតិថិជនរបស់ខ្លួន។
ថ្លែងសន្ទរកថាបើកអង្គសិក្ខាសាលា លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគ
ម៉ាក្រូ ធនាគារជាតិនៃកម្ពុជា បានរំលេចពីសារៈសំខាន់ និងភាពចាំបាច់សម្រាប់ពង្រឹងសមត្ថភាពរបស់បុគ្គលិកគ្រប់គ្រងសាខា និងថ្នាក់ដឹកនាំនៅតាមតំបន់ ឬសាខារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅតាមបណ្តាខេត្ត និងក្រុង/ស្រុកនានា ដែលជាអ្នកទាក់ទងដោយផ្ទាល់ជាមួយអតិថិជនក្នុងការផ្តល់សេវាហិរញ្ញវត្ថុ។ លោកបានបន្ថែមថា៖ “សិក្ខាសាលាថ្នាក់ខេត្តនេះក៏ជាយន្តការដល់មានប្រសិទ្ធភាពក្នុងការលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងការវិវត្តនៃប្រព័ន្ធធនាគារ ច្បាប់ និងបទប្បញ្ញត្តិ ក្រមប្រតិបត្តិ វិធានផ្តល់ឥណទាន គោលការណ៍អភិបាលកិច្ចល្អ និងវិធីសាស្រ្តគ្រប់គ្រងប្រតិបត្តិការនៅតាមសាខា”។